មានពេលខ្លះ យើងចង់រកពុម្ពអក្សរផ្សេងៗមកប្រើនៅលើមាតិកាឬការឌីហ្សាញរបស់ខ្លួន ហើយយើងប្រាកដជាប្រើអ៊ីនធឺណិតដើម្បីរកមើលពុម្ពអក្សរទាំងអស់នោះហើយ… ប៉ុន្តែតើអ្នកប្រាកដទេថា អ្នកមានសិទ្ធិអនុញ្ញាតិឱ្យប្រើពុម្ពអក្សរទាំងនោះ? ពេលខ្លះទៀត អ្នកឃើញពុម្ពអក្សរមួយទំនង ហើយអ្នកក៏ទទួលវាបានពីមិត្តភក្ដិផ្សេងៗ តើអ្នកប្រាកដទេថាការចែករំលែកពុម្ពអក្សរទាំងនោះ ជារឿងត្រឹមត្រូវ?
នៅក្នុងនេះខ្ញុំលើកយកបទពិសោធន៍ជាក់ស្ដែង ដែលខ្ញុំជួបប្រទះដោយផ្ទាល់ ហើយខ្ញុំក៏ឃើញមានការចែកចាយពុម្ពអក្សររបស់ខ្ញុំ និងពុម្ពអក្សររបស់អ្នកដទៃ ដោយមិនមានការអនុញ្ញាតិត្រឹមត្រូវ។
ខ្ញុំសង្ឃឹមថា មាតិកានេះជួយជាចំណែកបន្តិចបន្តួចសម្រាប់មិត្តអ្នកអាន ឱ្យបានស្វែងយល់បន្ថែមអំពីការប្រើប្រាស់ពុម្ពអក្សរ ហើយក៏ជាការក្រើនរំឭកដល់ការរួមចំណែកលុបបំបាត់ការចែកចាយស្នាដៃកម្មសិទ្ធិរបស់អ្នកដទៃ ដោយគ្មានការអនុញ្ញាតិ មិនថាតែចំពោះពុម្ពអក្សរទេ គឺរួមទាំងការងារច្នៃប្រឌិតនិងសិល្បៈផ្សេងៗទៀតដែរ។
ពុម្ពអក្សរមួយចំនួន មានភ្ជាប់ព័ត៌មានវិក្កយបត្រ អាជ្ញាបណ្ណឈ្មោះរបស់អ្នកទិញ និងគេហទំព័រលក់។ សូមពិនិត្យត្រង់ ព័ត៌មាន Version ឬ License ឱ្យបានច្បាស់លាស់មុន ជ្រើសរើសពុម្ពអក្សរមកប្រើ។
បើអ្នករកមិនឃើញព័ត៌មានពីរខាងដើមទេ សូមចូលទៅក្នុង អ៊ីនធឺណិតហើយស្វែងរកឈ្មោះពុម្ពអក្សរនោះ ដើម្បីឱ្យដឹង ថាពុម្ពអក្សរនោះមានដាក់លក់នៅលើវេបសាយលក់ពុម្ព អក្សរណាមួយទេ។
អ្នកអាចប្រទះឃើញពុម្ពអក្សរខ្លះ ដែលមិនមានដាក់លក់ នៅលើវេបសាយលក់ពុម្ពអក្សរ។ ប្រសិនបើអ្នកមិនច្បាស់ ក្នុងចិត្តទេ សូមទាក់ទងម្ចាស់ពុម្ពអក្សរ តាមរយៈវេបសាយ ឬអ៊ីមែលរបស់គេ។
គេអាចចែកចាយពុម្ពអក្សរបានយ៉ាងងាយ ទៅកាន់មនុស្សរាប់សិបនាក់ ប៉ុន្តែអ្នកអាចក្លាយជាមនុស្សម្នាក់ ដែលជួយទប់ស្កាត់ការចែកចាយដោយគ្មានការអនុញ្ញាតិ។
Leave a Reply