Tag: font usage

  • ការប្រើប្រាស់ពុម្ពអក្សរឱ្យស្របច្បាប់

    ការប្រើប្រាស់ពុម្ពអក្សរឱ្យស្របច្បាប់

    មាន​ពេល​ខ្លះ យើង​ចង់​រក​ពុម្ពអក្សរ​ផ្សេងៗ​មក​ប្រើ​នៅ​លើ​មាតិកា​ឬ​ការ​ឌីហ្សាញ​របស់​ខ្លួន ហើយ​យើង​ប្រាកដ​ជា​ប្រើ​អ៊ីនធឺណិត​ដើម្បី​រក​មើល​ពុម្ពអក្សរ​ទាំងអស់​នោះ​ហើយ… ប៉ុន្តែ​តើ​អ្នក​ប្រាកដ​ទេ​ថា អ្នក​មាន​សិទ្ធិ​អនុញ្ញាតិ​ឱ្យ​ប្រើ​ពុម្ពអក្សរ​ទាំងនោះ? ពេលខ្លះទៀត អ្នក​ឃើញ​ពុម្ពអក្សរ​មួយ​ទំនង ហើយ​អ្នក​ក៏​ទទួល​វា​បាន​ពី​មិត្តភក្ដិ​ផ្សេងៗ តើ​អ្នក​ប្រាកដ​ទេ​ថា​ការ​ចែករំលែក​ពុម្ពអក្សរ​ទាំងនោះ ជារឿង​ត្រឹមត្រូវ? នៅ​ក្នុង​នេះ​ខ្ញុំ​លើក​យក​បទពិសោធន៍​ជាក់ស្ដែង ដែល​ខ្ញុំ​ជួប​ប្រទះ​ដោយ​ផ្ទាល់ ហើយ​ខ្ញុំ​ក៏ឃើញ​មាន​ការ​ចែកចាយ​ពុម្ពអក្សរ​របស់​ខ្ញុំ និង​ពុម្ពអក្សរ​របស់​អ្នកដទៃ ដោយ​មិនមាន​ការ​អនុញ្ញាតិ​ត្រឹមត្រូវ។ ខ្ញុំ​សង្ឃឹម​ថា មាតិកា​នេះ​ជួយ​ជា​ចំណែក​បន្តិច​បន្តួច​សម្រាប់​មិត្តអ្នក​អាន ឱ្យ​បាន​ស្វែងយល់​បន្ថែម​អំពី​ការ​ប្រើប្រាស់​ពុម្ពអក្សរ ហើយ​ក៏​ជា​ការ​ក្រើន​រំឭក​ដល់​ការ​រួម​ចំណែក​លុប​បំបាត់​ការ​ចែកចាយ​ស្នាដៃ​កម្មសិទ្ធិរបស់​អ្នក​ដទៃ ដោយ​គ្មាន​ការ​អនុញ្ញាតិ មិន​ថា​តែ​ចំពោះ​ពុម្ពអក្សរ​ទេ គឺ​រួមទាំង​ការងារ​ច្នៃប្រឌិត​និង​សិល្បៈ​ផ្សេងៗ​ទៀតដែរ។ ពុម្ពអក្សរ​មួយ​ចំនួន មាន​ភ្ជាប់​ព័ត៌មាន​វិក្កយបត្រ អាជ្ញាបណ្ណឈ្មោះរបស់​អ្នក​ទិញ និង​គេហទំព័រ​លក់។ សូម​ពិនិត្យ​ត្រង់ ​ព័ត៌មាន Version ឬ License ឱ្យ​បាន​ច្បាស់លាស់​មុន ​ជ្រើសរើស​ពុម្ពអក្សរ​មក​ប្រើ។ បើអ្នក​រក​មិន​ឃើញ​ព័ត៌មាន​ពីរ​ខាងដើមទេ សូម​ចូល​ទៅ​ក្នុង អ៊ីនធឺណិត​ហើយ​ស្វែងរក​ឈ្មោះ​ពុម្ពអក្សរ​នោះ ដើម្បី​ឱ្យ​ដឹង ថា​ពុម្ពអក្សរ​នោះ​មាន​ដាក់លក់​នៅ​លើ​វេបសាយ​លក់​ពុម្ព ​អក្សរណាមួយទេ។ អ្នក​អាច​ប្រទះ​ឃើញ​ពុម្ពអក្សរ​ខ្លះ ដែល​មិនមាន​ដាក់​លក់ នៅ​លើ​វេបសាយ​លក់​ពុម្ពអក្សរ។ ប្រសិនបើ​អ្នក​មិន​ច្បាស់ ក្នុង​ចិត្ត​ទេ សូម​ទាក់ទង​ម្ចាស់​ពុម្ពអក្សរ តាមរយៈ​វេបសាយ ឬ​អ៊ីមែល​របស់​គេ។ គេ​អាច​ចែកចាយ​ពុម្ពអក្សរ​បាន​យ៉ាង​ងាយ ទៅកាន់​មនុស្ស​រាប់​សិបនាក់ ប៉ុន្តែ​អ្នក​អាច​ក្លាយ​ជា​មនុស្ស​ម្នាក់ ដែល​ជួយ​ទប់ស្កាត់​ការ​ចែកចាយ​ដោយ​គ្មាន​ការ​អនុញ្ញាតិ។

  • តើគេអាចបង្ការ ការលួច​ចែកចាយពុម្ពអក្សរ បានទេ?

    តើគេអាចបង្ការ ការលួច​ចែកចាយពុម្ពអក្សរ បានទេ?

    នេះគឺជាសំណួរមួយដែលតែងតែមានគេសួរ នៅពេល​និយាយអំពីរឿងពុម្ពអក្សរ។ វាមានកត្តាច្រើនដែលយើងមិនអាចការពារបាន។ សូមអាន​នៅ​ក្នុង​រូបភាព​នីមួយៗ។ ពុម្ពអក្សរជាប្រភេទឯកសារធម្មតា ពុម្ពអក្សរ គឺជាប្រភេទឯកសារ​មួយនៃ​ឯកសារ​ឌិជីថល​ដែល​មាន​សព្វថ្ងៃ​នេះ ដែល​អ្នក​ទាំងអស់គ្នា​អាច​ឃើញ​ជា .TTF ឬ .OTF ឬ .WOFF ឬ .WOFF2 ។ ការ​ដំឡើង​ពុម្ពអក្សរ​គឺ​មិនមានអ្វី​ស្មុគស្មាញ​ទេ ដរាបណា​ដែល​អ្នក​មាន​ឯកសារ​នោះ​ហើយ គ្រាន់តែ​ចុច​ពីរដង​លើ​វា នោះ​អ្នក​នឹង​អាច​ដំឡើង​ប្រើប្រាស់​បានស្រេច។ វា​មិន​ខុស​ពី​ការ​បើក​ប្រភេទឯកសារ​អត្ថបទ​ផ្សេងៗ​ឡើង​ដូចជា Word ជាដើម។ ម្ល៉ោះហើយ គេ​ងាយ​ស្រួល​ចម្លង​ចែកចាយ​បាន​យ៉ាង​ងាយស្រួល​ជាទី​បំផុត ទោះបី​ពុម្ពអក្សរ​នោះ​គេទិញពីគេហទំព័រធំៗយ៉ាងណា​ក៏ដោយ។ ពុម្ពអក្សរ មិនមាន​កន្លែង​ណា​មួយ​ដែល​អាច​ផ្ដល់​ដំណឹង​ផ្សេងៗ​ទៅ​ម្ចាស់​ពុម្ពអក្សរ​ឡើយ រួមទាំង​ការ​ចម្លងចែកចាយ និង​ការ​ប្រើប្រាស់​មិន​ត្រឹមត្រូវ​ទៅតាមអាជ្ញាបណ្ណ​ដែល​បាន​ទិញ។ អ្នកប្រើប្រាស់គួរយល់អំពីកម្មសិទ្ធបញ្ញា វាគឺជារឿង​ដែលភាគី​ទាំងពីរ (អ្នក​លក់ និង អ្នកទិញ) ត្រូវ​យល់គ្នា និង​ប្រើប្រាស់​ពុម្ពអក្សរ​ឱ្យ​ត្រឹមត្រូវ​ទៅ​តាម​អាជ្ញាបណ្ណ​ដែល​ខ្លួន​បាន​ទិញ។ ប្រសិនបើ​ពុម្ពអក្សរ​នោះត្រូវ​ប្រើប្រាស់​នៅ​ក្នុង​ក្រុមហ៊ុន ឬ​ត្រូវ​ផ្ដល់​ឱ្យ​រោងពុម្ព នោះភាគីទីបី ក៏​ត្រូវយល់​អំពី​ការប្រើប្រាស់​ឱ្យ​ស្រប​ទៅ​តាម​ការ​អនុញ្ញាតិ ហើយ​មិនអាច​រក្សា​ទុក​ពុម្ពអក្សរ​នោះ​បាន​ឡើយ ក្រោយការ​បំពេញ​ការងារ​ចប់សព្វគ្រប់ វៀរលែង​តែ​ភាគីទី​បី​នោះ ក៏មាន​អាជ្ញាបណ្ណ​ពុម្ពអក្សរ​នោះ​ដែរ។

  • អ្នកផលិតមាតិកា និង ការប្រើប្រាស់ពុម្ពអក្សរ

    អ្នកផលិតមាតិកា និង ការប្រើប្រាស់ពុម្ពអក្សរ

    ការផលិតមាតិកា ក្លាយជាជំនាញមួយដែលកំពុងទទួលការពេញនិយម​នៅ​ក្នុង ប្រទេសកម្ពុជា​សព្វថ្ងៃ​នេះ។ មាតិកាទាំង​នោះអាចជាវីដេអូ រូបភាព អត្ថបទ ឬសម្រង់សម្ដីខ្លីៗ ដែលសុទ្ធសឹង​តែមានប្រើប្រាស់អក្សរ។ យើងនឹងជជែកជាមួយអ្នកផលិតមាតិកាពីររូប គឺលោក ជី សុផាត និង ម៉ៅ ចាន់ឌី អំពីមតិយោបល់និងបទពិសោធន៍របស់ពួកគាត់ក្នុងការជ្រើសរើសនិងប្រើប្រាស់ពុម្ពអក្សរ ទាំងក្នុងអាជីពការងារ និងមាតិកាដែលពួកគាត់ផលិតនាពេលកន្លងមក។