ជើង-រ និង ស្រៈខាងក្រោម

អក្សរខ្មែរ ដែលមានប្រភពដើមពីអក្សរបល្លវៈ នៅរក្សារបៀបសរសេរតាំងពីពេលយកមកប្រើពីដំបូងមក បើទោះបីមានការប្រែប្រួលខ្លះក៏ដោយ។ របៀបសរសេរបច្ចុប្បន្ននេះ យើងឃើញថាមាន ព្យញ្ជនៈមួយ ហើយអាចមានស្រៈសញ្ញាខាងលើនិងក្រោមពីរៗ ពោលគឺសរុបប្រាំជាន់។ ប៉ុន្តែបន្សំដែលអាចកើតមានជាញឹកញាប់គឺបួនជាន់។1

ជើងដែលនៅខាងមុខព្យញ្ជនៈ

អក្សរខ្មែរ មិនមែនសរសេរត្រង់និងប្រកបពីឆ្វេងទៅស្ដាំគ្រប់តួនោះទេ ពីព្រោះមាន ជើង-រ មួយដែលសរសេរមកខាងមុខវិញ។ នៅក្នុង OpenType គេហៅថា pre-base form ឬ ជើងដែលនៅខាងមុខព្យញ្ជនៈ។

យ៉ាងណា ធ្លាប់មានការជជែកដេញដោលសួររឿងជើង-រ ពេលមានស្រៈនៅខាងក្រោម ថាគួរតែធ្វើយ៉ាងណាឱ្យសម? យើងគួរចាប់ផ្ដើមមើលអក្សរខ្មែរបុរាណខ្លះ និងការវិវត្តមួយចំនួន ដើម្បីបានជាបច្ច័យទុកសម្រាប់ការពិចារណាទាំងអស់គ្នា។

អក្សរសិលាចារឹក

តើអ្នកសម្គាល់ឃើញអ្វីខ្លះដែរ? គឺ ជើង-រ ព័ទ្ធទៅដល់ផ្នែកខាងស្ដាំរបស់ព្យញ្ជនៈ ទោះបីជាព្យញ្ជនៈមួយល្វែងក្ដី ពីរល្វែងក្ដី (ករណីនេះដូចទៅនឹងអក្សរជ្វានិងអក្សរភូមាដែរ)។ បន្ទាប់មកស្រៈនៅក្រោម ត្រូវធ្លាក់ទៅមួយជាន់ក្រោម ឬជាប់ជាមួយជើង-រ តែម្ដង។ របៀបនេះ មានតាំងពីយូរមកហើយ តាំងពីពេលដែលជនជាតិខ្មែរយកអក្សរបល្លវៈមកប្រើម្ល៉េះ។

ការសរសេរបែបនេះ ខ្ញុំហៅថាជាការសរសេរបែបឡូស៊ិក (logical) ព្រោះនៅពេលគេសរសេរពាក្យ ស្រុក គឺ ជើង-រ បានផ្ញើជើងនៅនឹង ស ដើម្បីបង្កើតបានជាសព្ទ ស្រ[អ]- (sr[a]-) ដែលមានបង្កប់ស្រៈ អ។ ហើយពេលគេថែមស្រៈ ុ (-u-) ចូលទៅ គឺវានឹងប្ដូរស្រៈកប់ អ បង្កើតបានជាសព្ទ ស្រុ- (sru-) និងបន្ថែម ក ឱ្យកើតបានជាពាក្យ ស្រុក (sruk)។

តួនាទីរបស់ស្រៈ គឺដើម្បីផ្លាស់ប្ដូរសព្ទរបស់ព្យាង្គ អ៊ីចឹងហើយ ការដែលសរសេរស្រៈ ុ នៅជាប់នឹង ស្រ គឺបញ្ជាក់ថាស្រៈមួយនេះប្ដូរសំឡេងរបស់ ស្រ។ យ៉ាងណា មានករណីពិសេសផ្សេងទៀត ដែលខ្ញុំមិនលើកឡើងនៅក្នុងអត្ថបទនេះទេ។

អក្សរដៃ

នៅសម័យក្រោយមកទៀត ពេលគេសរសេរនៅលើស្លឹករឹតនិងក្រដាស យើងនៅឃើញមានការសរសេររបៀបចាស់ភាគច្រើន បើទោះបីកន្លែងខ្លះ​គេត្រូវសរសេរស្មើ ដោយសារប្រការផ្សេងៗ។

អក្សរបោះពុម្ពពីសម័យមុន

ចំណែកពុម្ពអក្សរខ្មែរពីដើមវិញ (រូបភាពខាងលើ យកចេញពីឯកសារបោះពុម្ពនៅសម័យហ្លួងស៊ីសុវត្ថិ) យើងឃើញថាអ្នកតម្រៀបពុម្ព និងក្បួនតម្រៀបពុម្ព នៅរក្សារបៀបចាស់ដដែល គឺស្រៈដែលនៅបន្ទាប់ជើង-រ ត្រូវដាក់មកខាងក្រោម។

ការសរសេរ និងអក្សរបោះពុម្ពនាសម័យក្រោយ

យ៉ាងណា យើងសង្កេតឃើញការប្រែប្រួលកើតមានមុនសម័យខ្មែរក្រហមបន្តិច នៅពេលរោងពុម្ពចាប់ផ្ដើមប្រើការបោះពុម្ពនិងគ្រាប់ពុម្ពអក្សរថ្មី។2 ពុម្ពអក្សរដែលក្រុមការងារខេមរយានកម្មបានប្រើសម្រាប់ការបោះពុម្ពសទ្ទានុក្រមបារាំង-ខ្មែរ បានបង្ហាញការតម្រៀបពុម្ពពីរបែបផ្សេងគ្នា៖

  • ទម្លាក់ស្រៈមកក្រោម ចំពោះតួអក្សរមួយល្វែង (មើលពាក្យ ក្រូច)
  • ទុកស្រៈនៅស្មើជើង-រ ចំពោះអក្សរពីរល្វែង (មើលពាក្យ ស្រួច)
សទ្ទានុក្រមខេមរយានកម្ម បារាំង-ខ្មែរ, វិទ្យាស្ថានជាតិខេមរយានកម្ម, 1973

ដោយឡែក បើយើងមើលការសរសេរដទៃទៀត ជើង-រ លែងអូសឆ្ងាយមកព័ទ្ធតួអក្សរទៀតហើយ ទាំងនៅក្នុងអក្សរផ្ចង់ អក្សរឆ្លាក់ អក្សរជក់ អក្សរពុម្ព។ ការផ្លាស់ប្ដូរនេះ កាន់តែឃើញច្បាស់ថែមទៀតនៅពេលយើងចាប់ផ្ដើមមានពុម្ពអក្សរឌិជីថលប្រើ ពីដើមសម័យអ៊ុនតាក់មក។

Painted writing
វត្តប្រាសាទបាគង, Ben Mitchell
Internet shop
ផ្លាកហាងមួយនៅបាត់ដំបង, Ben Mitchell

ការផ្លាស់ប្ដូរក្នុងពុម្ពអក្សរឌិជីថល

ការដែល ជើង-រ លែងអូសវែងមកព័ទ្ធដូចអក្សរខ្មែរបុរាណ យើងអាចនឹងពិបាកកំណត់ឱ្យច្បាស់ថាបានផ្លាស់ប្ដូរនៅពេលណា។ យើងអាចសន្និដ្ឋានជាដំបូងថា ការផ្លាស់ប្ដូរនេះកើតមាននៅពេលគេទទួលការបោះពុម្ពរបៀបទំនើប (ប្រើការបោះពុម្ពគ្រាប់អក្សរសំណ) ដែលមានលក្ខខណ្ឌកម្រិតបច្ចេកទេសមួយចំនួនដែលពិបាកសម្របសម្រួលនៅពេលនោះ។ ណាមួយទៀត ក៏ដើម្បីកាត់បន្ថយបរិមាណគ្រាប់ពុម្ពអក្សរដែរ(?)។

ពុម្ពអក្សរឌិជីថលដែលយើងឃើញមានប្រើនៅដើមសម័យអ៊ុនតាក់ ដូចជាពុម្ពអក្សរត្រកូល Limon, ABC ជាដើមនោះ មានជើង-រ ត្រឹមតែពីរបែបប៉ុណ្ណោះ គឺនៅជាន់ទី១ និងជាន់ទី២។

ជើង-រ ទាំងនោះ មានប្រវែងខ្លីដែលតម្រឹមនៅត្រឹមផ្នែកខាងឆ្វេងរបស់ព្យញ្ជនៈ លែងអូសទៅតម្រឹមនឹងផ្នែកខាងស្ដាំទៀតហើយ លើកលែងតែពុម្ពអក្សរខ្លះដែលតម្រូវឱ្យមាន។ កាលនោះ ពុម្ពអក្សរចាស់ៗ ធ្វើឡើងដោយខ្ចីពុម្ពអក្សរ Latin មកប្រើសិន និងមិនទាន់មានបច្ចេកទេសទំនើបដើម្បីផ្លាស់ប្ដូរតួអក្សរបានតាមចិត្តទេ។

ពុម្ពអក្សរដែលគេធ្វើក្រោយៗមកទៀត ជាពិសេសគឺពុម្ពអក្សរយូនីកូដ មានខ្លះក៏វែង ខ្លះក៏ខ្លី ទៅតាមការចង់បាន។ ដោយសារតែសម័យក្រោយមកនេះ គេអាចប្រើបច្ចេកទេស OpenType ជាជំនួយដល់ការតម្រៀបអក្សរបានងាយស្រួលជាងមុន។

ពុម្ពអក្សរ Chrieng Classic របស់ Xavier Dupré ធ្វើជើង-រ ហើយទម្លាក់ស្រៈមកក្រោម។ ចំណែកពុម្ពអក្សរ​ Khmer OS System និង Khmer OS Battambang មានជើង-រ ខ្លី ប៉ុន្តែពេលសរសេរនៅក្នុងអក្សរពីរល្វែង ក៏ទម្លាក់ស្រៈមកក្រោមដែរ។

អ្វីដែលយើងឃើញនៅត្រង់នេះគឺ ការមានជើង-រ ប្រវែងខ្លី ហើយទម្លាក់ស្រៈមកក្រោមមួយជាន់ទៀត វាធ្វើឱ្យមានសល់ចន្លោះទំនេរ មើលទៅមិនសូវមានសោភ័ណ។3

ដាក់ស្មើ ឬ ទម្លាក់ចុះក្រោម?

ចម្លើយគឺ បានទាំងពីរ ប៉ុន្តែអាស្រ័យទៅលើការរូបរាងអក្សរ និងតម្រូវការជាក់ស្ដែង។

ប្រសិនបើពុម្ពអក្សរនោះ ធ្វើឡើងសម្រាប់ការប្រើប្រាស់ក្នុងប្រព័ន្ធឌិជីថលច្រើនជាងបោះពុម្ពលើក្រដាស គេគួររក្សាកម្ពស់ និងកាត់បន្ថយចន្លោះសល់ចោល ដើម្បីឱ្យងាយមើលនិងមានសោភ័ណភាព។

ប្រសិនបើគេធ្វើសម្រាប់ការបោះពុម្ពលើក្រដាស គេអាចធ្វើជើង-រ ឱ្យបានច្បាស់ វែង និងប្រាកដថាវាមិនវែងពេករហូតប៉ះពាល់ដល់ផ្នែកតួអក្សរផ្សេងៗដែរ។

សន្និដ្ឋាន

ការដាក់ស្រៈខាងក្រោមមកស្មើជើង-រ បានក្លាយទៅជាទម្លាប់ទូទៅរួចទៅហើយ នៅក្នុងការធ្វើពុម្ពអក្សរ និងការអាន។ ទោះបីទម្លាក់ស្រៈមកក្រោមឬនៅស្មើក៏ដោយ គេនៅអាចអានបានជាធម្មតា មិនបង្កបញ្ហាដល់ការអានទេ។

យ៉ាងណា ការធ្វើពុម្ពអក្សរក្រោយៗមកនេះ យើងគួរកំណត់យកក្បួនខ្នាតមួយរួម ថាបើនៅស្មើ គួរតែស្មើទាំងអស់ ហើយបើទម្លាក់ គឺទម្លាក់មកក្រោមទាំងអស់។ មិនគួរមានមួយស្មើមួយទម្លាក់ ដូចឃើញក្នុងរូបខាងលើឡើយ។

ចំណាំ

  1. គួរអានដែរ៖ សមាមាត្រ​អក្សរ​ខ្មែរ​ធៀប​នឹង​ឡាតាំង ↩︎
  2. នៅក្នុងសម័យសាធារណរដ្ឋ (1970-1975) ឃើញគេចាប់ផ្ដើមប្រើពុម្ពអក្សរផ្សេង ដែលប្រើការតម្រៀបគ្រាប់ពុម្ពអក្សរបែបផ្សេង។ ↩︎
  3. នៅក្នុងពុម្ពអក្សរ Limon និង ABC គេអាចសរសេររបៀបម៉េចក៏បាន ប៉ុន្តែតាមឃើញកន្លងមក គេនិយមសរសេរទម្លាក់ស្រៈចុះមកក្រោម ច្រើនជាងសរសេរស្មើនឹងជើង-រ។ ↩︎

Posted

in

by

Tags:

Comments

Leave a Reply

Your email address will not be published. Required fields are marked *