ការរចនាពុម្ពអក្សរ និង មុទ្ទវិជ្ជាអក្សរ

ការរចនាពុម្ពអក្សរ (Type Design) បច្ចុប្បន្ននេះ សំដៅ​លើវិជ្ជាគូរ និង​ផលិត​ពុម្ពអក្សរ​ដើម្បី​យក​មក​ប្រើប្រាស់​បាន​នៅ​ក្នុង​កម្មវិធី​ផ្សេងៗ។ បច្ចុប្បន្ន ពុម្ពអក្សរ​ដែល​ធ្វើ​ចេញ​មក មានជាប្រភេទ .TTF ឬ .OTF ហើយ​គេ​អាច​រចនា​ពុម្ពអក្សរ​បានតាមរយៈ​កម្មវិធី​​ផ្សេងៗ​ដូចជា Glyphs, FontLab, Font Creator, Robofont ។ល។ កាល​ពី​សម័យ​មុន​វិញ វាគឺជាជំនាញ​ដែល​ត្រូវការ​ការ​ផ្ចិតផ្ចង់​ជាទីបំផុត ដើម្បីបង្កើតគំរូអក្សរ ដែលគេអាច​យក​ទៅ​ផលិត​ជា​ពុម្ពនិង​គ្រាប់​សំណ មុន​នឹង​អាចយក​ទៅ​តម្រៀប​បោះពុម្ព​បាន។

មុទ្ទវិជ្ជាអក្សរ (Typography) គឺជា​វិជ្ជាដែល​សិក្សា​អំពី​ក្បួនខ្នាត គោលការណ៍ និង​នីតិវិធី​នៅ​ក្នុង​ការប្រើប្រាស់​និង​តម្រៀប​តួអក្សរ​យ៉ាងណា ឱ្យ​អ្នកអាន​អាច​ចាប់សេចក្ដី​បាន​ងាយស្រួល ឱ្យអក្សរ​ងាយ​ស្រួលមើល និងឱ្យ​អត្ថបទ​មាន​សណ្ដាប់ធ្នាប់។ អ្នក​ធ្វើការ​ក្នុង​ជំនាញ​នេះ (typographer) ពីមុន​ជា​អ្នក​នៅ​ក្នុង​រោងពុម្ព ជាអ្នកតម្រៀប​គ្រាប់​អក្សរ​បោះពុម្ព ឱ្យ​សមស្រប​ទៅ​តាម​អត្ថបទ​និង​តម្រូវការ។ ដោយឡែក បច្ចុប្បន្ន​នេះ អាច​ជា​អ្នក​រចនា​និង​តម្រៀប​អត្ថបទ​នៅ​លើ​សន្លឹក​សៀវភៅ តាមរយៈ​កម្មវិធី​កុំព្យូទ័រ ដោយជ្រើសរើស​និង​ប្រើប្រាស់​ពុម្ពអក្សរឌិជីថល។

វិជ្ជា​ទាំងពីរ​នេះ គឺ​ត្រូវ​អាស្រ័យគ្នា​ទៅវិញទៅ​មក​ច្រើន​ដែរ ត្បិតថា មានពុម្ពអក្សរ ទើប​មាន​គេ​យក​ទៅ​ប្រើ ហើយ​មាន​អ្នក​ត្រូវ​ប្រើ​អក្សរ ទើប​មាន​ការ​បង្កើត​ពុម្ពអក្សរ​បន្ថែម។


Posted

in

by

Comments

Leave a Reply

Your email address will not be published. Required fields are marked *