ការធ្វើដោយស្វ័យប្រវត្តិពីកម្មវិធីទាំងនោះ មិនអាចបង្កើតលទ្ធផលល្អ ដូចដែលអ្នកគូរពុម្ពអក្សរបានប្រិតប្រៀនដោយផ្ទាល់ដៃទេ។
ពុម្ពអក្សរដែលមានកម្រាស់ Bold ដែលគូរផ្ទាល់ដៃដោយអ្នកគូរពុម្ពអក្សរ គឺសាច់អក្សរ និងលក្ខណៈរបស់អក្សរ មានភាពក្រាស់ល្អនិងបង្ហាញរូបរាងបានល្អ។
ចំណែកឧទាហរណ៍នៅខាងស្ដាំដែលមិនមាន Bold នោះ កម្មវិធីសរសេរអត្ថបទឬកម្មវិធីរចនារូបភាព ព្យាយាមបន្ថែម កម្រាស់បន្ទាត់ជុំវិញ (Stroke) ឱ្យមើលទៅឃើញក្រាស់ ប៉ុន្តែវាបាត់លក្ខណៈរបស់អក្សរ, អក្សរលែងស្មើសាច់ល្អ, បាត់គួច ជាដើម។
ដូចគ្នាដែរ ចំពោះរឿងអក្សរទ្រេត Italic ។ សម្រាប់អក្សរខ្មែរ មិនសូវឃើញភាពខុសប្លែកក្រៅតែពីអក្សរមានរាងទ្រេតទេ ប៉ុន្តែការធ្វើដោយដៃដោយអ្នកគូរពុម្ពអក្សរ នៅតែល្អជាងារដែលគ្រាន់តែធ្វើស្វ័យប្រវត្តិតាមកម្មវិធី។ នៅក្នុង Word កាលណាគេចុចឱ្យអក្សរទ្រេត (ពេលពុម្ពអក្សរគ្មាន Italic) វានឹងទាញអក្សររហូតដល់ទៅ 20ដឺក្រេ ដែលមើលទៅទ្រេតខ្លាំងពេក។
ដោយឡែក តួអក្សរឡាតាំងដែលមាន Italic អាចនឹងមានរូបរាងខុសប្លែកពី Upright/Roman ពីព្រោះថា កាលពីដើម ទម្រង់ Italic នេះ គេចាត់ថ្នាក់ជាទម្រង់អក្សរផ្សេង ហើយមានរបៀបគូរខុសពីអក្សរត្រង់បញ្ឈរ។ ក្នុងប្រអប់ខាងឆ្វេងដែលមាន Italic សូមមើលត្រង់អក្សរ e, a, v, g ។ល។
គេអាចប្រទះឃើញពុម្ពអក្សរ Italic ខ្លះដែលមិនមានផ្លាស់ប្ដូររូបរាងច្រើននោះទេ ភាគច្រើនកើតឡើងចំពោះអក្សរឡាតាំង sans-serif ។ បែបនេះ គេហៅថាជាការរចនាបែប Oblique ឬ Slanted ។ បច្ចុប្បន្ននេះ ទោះបីការរចនានោះជាទម្រង់ Oblique ក៏នៅក្នុងការកំណត់ឈ្មោះទម្រង់អក្សរ (font style) ពេលជ្រើសរើសមកប្រើប្រាស់ គេនិយមប្រើ Italic ច្រើនជាង លើកលែងករណីចាំបាច់មួយចំនួន។
Leave a Reply